ដោយ ខែ សុណង
2011-11-05
តំណាង សហគមន៍ព្រៃឡង់ចំនួន ៤ខេត្ត រួមមានខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ធំ បានធ្វើដំណើរផ្សេងៗគ្នា ចាប់ពីថ្ងៃទី៤ វិច្ឆិកា ដើម្បីទៅជួបជុំគ្នាត្រង់ចំណុចដំណាក់មៀន ក្នុងព្រៃឡង់ ក្នុងគោលបំណងធ្វើសកម្មភាពទប់ស្កាត់បទល្មើស និងការកាប់បំផ្លាញឈើខុសច្បាប់។
សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់។ រូបថតថ្ងៃទី១៣ មីនា ២០១១
តំណាងសហគមន៍ព្រៃឈើខេត្តកំពង់ធំ លោក ស៊ឹម សៀន បានថ្លែងឲ្យដឹងនៅថ្ងៃទី៥ វិច្ឆិកា ថា តំណាងសហគមន៍ការពារព្រៃឡង់ ក្នុងខេត្តចំនួន៤ ដែលមានខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ធំ នឹងចូលទៅដល់ព្រៃឡង់ រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃ៧ ដល់ថ្ងៃទី១៣ វិច្ឆិកា ក្នុងបំណងទប់ស្កាត់បទល្មើសព្រៃឈើ។ លោកបន្តថា រហូតមកដល់ថ្ងៃនេះ តំណាងសហគមន៍ព្រៃឈើក្នុងខេត្តទាំង ៤នេះ បានធ្វើដំណើរដោយថ្មើរជើងជាបណ្ដើរៗហើយ ដើម្បីឆ្ពោះទៅជួបជុំគ្នានៅចំណុចដំណាក់មៀន ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីរួមស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ បន្ទាប់មកពួកគាត់នឹងធ្វើសកម្មភាពចុះល្បាតនៅក្នុងតំបន់ព្រៃឡង់ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា។
លោក ស៊ឹម សៀន៖ «អាជ្ញាធរគិតតែដើរយកលុយ ដើរកាប់ឈើហ្នឹងអនាធិបតេយ្យព្រៃឈើ និងការឈូសឆាយរបស់ក្រុមហ៊ុនកំពុងតែធ្វើអាជីវកម្មនៅហ្នឹង។ ក្រុមហ៊ុន ស៊ីអស៊ីខេ (CRCK) នៅតែឈូស នៅតែដំណើរការ ហើយនៅមានរោងចក្រ ហេង សារ៉ាវុធ កំពុងដំណើរការអារដឹកឲ្យគេ»។
នាយកអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី មានប្រសាសន៍ថា លោកមានទាំងរូបថត និងខ្សែអាត់វីដេអូ និងមានទាំងសាក្សីរាប់ម៉ឺននាក់ថែមទៀត ដែលបានដឹងថា ជនប្រព្រឹត្តល្មើសកាប់បំផ្លាញព្រៃឈើក្នុងព្រៃឡង់មានកិច្ចសហការ ពីអាជ្ញាធរមូលដ្ឋាន។ លោកបន្តថា ការកាប់ឆ្ការយកដីព្រៃពីសំណាក់ឈ្មួញ ប្រើកម្មករមកពីបណ្ដាខេត្តមួយចំនួន ដូចជាខេត្តតាកែវ ព្រៃវែង និងខេត្តស្វាយរៀង ស៊ីឈ្នួលកាប់ឆ្ការផ្ដួលរំលំដើមឈើធំៗដោយម៉ាស៊ីនកាត់ឈើ ឬគេហៅថា ម៉ាស៊ីនត្រង់ស៊ីន័រ ក្នុងមួយថ្ងៃៗប្រហែលជា ៣ហិកតារ ទៅ ៥ហិកតារ។
លោក ឈុត វុទ្ធី៖ «កំពុងធ្វើម៉េចឲ្យគណៈកម្មការព្រៃឡង់ហ្នឹង ធ្វើការទប់ស្កាត់ជាបន្ទាន់ឆ្នាំនេះ ហើយបើធ្វើមិនបានទេ រយៈពេលខែមករា ដល់ខែមិថុនា ព្រៃឡង់ត្រូវចប់ហើយ ទៅជាចម្ការអស់ហើយ មានន័យថា បទបញ្ជារបស់សម្ដេច ច្បាប់ព្រៃឈើ ច្បាប់អ្វីៗទាំងអស់ហ្នឹង គឺមិនបានអនុវត្តទេ។ ឈ្លួញធំៗ គេទាក់ទងទៅអាជ្ញាធរមូលដ្ឋាន កាប់ព្រៃចោលយកដីដាំដំឡូង យកដីដាំកៅស៊ូ ព្រោះអាជ្ញាធរមូលដ្ឋានអត់ការពារទេរាល់ថ្ងៃ មានតែបំផ្លាញទេ ដល់ពេលអ៊ីចឹងមានទិសដៅផ្សេងគ្នា ទៅជាមន្ត្រីរាជការវាទៅជាមន្ត្រីធ្វើពាណិជ្ជកម្មទៅវិញ ជាមន្ត្រីឈ្មួញទៅវិញ ជាមន្ត្រីលក់ទៅវិញ ហើយប្រឆាំងជាមួយអ្នកការពារទៅវិញ»។
បើទោះបីជាមានការអះអាងថាយ៉ាងនេះក្ដី អាជ្ញាធរខេត្តកំពង់ធំ បានបដិសេធ។
អភិបាលរងខេត្តកំពង់ធំ លោក អុត សំអន បានថ្លែងផ្ទុយពីការអះអាងរបស់សហគមន៍ថា បច្ចុប្បន្នពុំមានសកម្មភាពកាប់បំផ្លាញព្រៃឈើ និងមានការឃុបឃិតពីសំណាក់អាជ្ញាធរនោះទេ៖ «វាមិនមានសកម្មភាព ដូចគាត់ថាទេ មានតែក្រុមហ៊ុនព្រៃគុប សម្បទានដែលបានទទួលពីរាជរដ្ឋាភិបាល ហើយមិនមែនទៅកាប់ព្រៃអីនៅក្នុងតំបន់ជាប់សហគមន៍»។
អ្នកសម្របសម្រួលគម្រោងវេទិកាសាធារណៈនៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា លោក ឈឹម សាវុធ ដែលបានឃ្លាំមើលការធ្វើដំណើររបស់ក្រុមសហគមន៍នេះ បានថ្លែងថា អង្គការនេះបានដាក់មន្ត្រីឃ្លាំមើលបង្ការខ្លាចមានករណីរំលោភសិទ្ធិ មនុស្ស។
ប្រជាពលរដ្ឋ និងតំណាងសហគមន៍ទាំងអស់ មានគម្រោងបង្ហាញលទ្ធផលនៃការចុះបង្ក្រាបបទល្មើសកាប់ឈើទៅដល់ អ្នកតំណាងរាស្ត្រ អាជ្ញាធរមូលដ្ឋាន តំណាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងវេទិកាសាធារណៈដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅទីលានប្រជាធិបតេយ្យ ក្នុងទីរួមស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ វេទិកានេះគេនឹងរៀបចំនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១៕



0 comments:
Post a Comment