
មុនជំនួបកំពូលអាស៊ាននិងជំនួបកំពូលអាស៊ីបូព៌ានៅបាលីចិននិងសហរដ្ឋអាមេរិកស្រាប់តែដំឡើងសំឡេងដាក់គ្នា
© RFI
ប៉ុន្មាន ថ្ងៃមុនការផ្តើមឡើងនៃជំនួបកំពូលអាស៊ាននិងជំនួបកំពូលអាស៊ី បូព៌ានៅបាលីប្រទេសឥណ្ឌូណេស៊ី ចិននិងសហរដ្ឋអាមេរិក ស្រាប់តែដំឡើងសំឡេងដាក់គ្នា។ មូលហេតុគឺមកពីសហរដ្ឋអាមេរិកដែលក្លាយទៅជាសមាជិកផ្លូវការនៃជំនួប កំពូលអាស៊ីបូព៌ា បានប្រកាសថា ត្រូវតែលើកយកជម្លោះទឹកដីនៅក្នុងសមុទ្រចិនប៉ែកខាងត្បូងមក ពិភាក្សា។ ចិនដែលជាភាគីជម្លោះប្រកាសថា សហរដ្ឋអាមេរិកគ្មានសិទ្ធិមកលូកលាន់ក្នុងរឿងនេះទេ។
សម្រាប់សហរដ្ឋអាមេរិកដែលចាប់ពីពេលនេះតទៅ ជាសមាជិកផ្លូវការនៃជំនួបកំពូលអាស៊ីបូព៌ា គេត្រូវតែហ៊ានលើកយកជម្លោះទឹកដីនៅក្នុងសមុទ្រចិនប៉ែកខាងត្បូង មកពិភាក្សាដោយចំហ។ទីក្រុងប៉េកាំងបានឆ្លើយតបភ្លាមៗថា ទីក្រុងវ៉ាស៊ីនតោនគ្មានសិទ្ធិមកលូកលាន់ក្នុងបញ្ហាទាំងនេះទេ និងថា ចិនមានបំណងចង់បន្តចរចាជាមួយភាគីជម្លោះនីមួយៗដាច់ដោយឡែកពី គ្នា។ សូមរំឭកថា ចិនកំពុងទាស់ទែងគ្នាជាមួយហ្វីលីពីននិងវៀតណាម។ ពួកគេដណ្តើមគ្នាកាន់កាប់ទីប្រជុំកោះមួយចំនួននៅក្នុងសមុទ្រចិន ប៉ែកខាងត្បូង។
មកទល់ពេលនេះ ចិនចង់បានដំណោះស្រាយទ្វេភាគី រីឯហ្វីលីពីននិងវៀតណាមវិញ ចង់បានដំណោះស្រាយពហុភាគី។ វត្តមានចាប់ពីពេលនេះតទៅរបស់សហរដ្ឋអាមេរិក ទន្ទឹមគ្នានឹងវត្តមានរបស់ចិន នៅក្នុងវេទិកាអាស៊ានក៏ដូចជាក្នុងវេទិកាអាស៊ីបូព៌ា កំពុងធ្វើឲ្យជម្លោះនៅក្នុងសមុទ្រចិនប៉ែកខាងត្បូងនេះប្រែក្លាយ ជាអធិករណ៍តំបន់និងផ្តើមធ្វើឲ្យមហាយក្សចិននិងសហរដ្ឋអាមេរិកទាស់ សំដីគ្នា។
គួរគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបាននិងកំពុងបន្តពង្រឹងនិងពង្រីកវត្តមានរបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជា អាទិភាពយុទ្ធសាស្រ្ត នៅក្នុងនយោបាយការបរទេសរបស់ខ្លួន៕



0 comments:
Post a Comment