Social Icons

Friday, November 11, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ខ្មែរ​អាមេរិក​ម្នាក់​ដក​ខ្លួន​ពី​ដើម​បណ្តឹង​​រដ្ឋប្បវេណី

 Theary Seng with draws her civil party status

កញ្ញា ​សេង​ ធារី ​ដែលជានាយិការ​សមាគម​ជនរងគ្រោះ​ក្នុង​របបខ្មែរ​​ក្រហម​​បាន​​ប្រកាស​ថា នាង​នឹង​ដក​ខ្លួន​ពី​​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០២​ រួម​ទាំង​ឈប់​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ច្រានចោល​​ពាក្យ​ស្នើសុំ​ តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០៣ ​និង​០០៤​ផង​ដែរ។ (រូបថត៖ by Roland Neveu)

ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2011
ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ

«ខ្ញុំ​សម្រេ​ចចិត្ត​ ហើយ។ ហើយ​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ជូន​ព័ត៌មាន​ទៅ​តុលាការ​​នៅ​ថ្ងៃអង្គារ​ សប្ដាហ៍​​ក្រោយ។ គេ​ចេះតែ​ប្រើ​នាម​របស់​យើង​ ប៉ុន្ដែ​សម្រាប់​ផលប្រយោជន៍​នយោបាយ​​ដែល​យើង​មិន​អាច​ទទួល​យក​បាន»។

Click here to listen to the audio program

អ្នក​ច្បាប់​ខ្មែរ​សញ្ជាតិ​អាមេរិក ​និង​ជាអតីត​អ្នកទោស​កុមារ​ក្នុង​សម័យ​ខ្មែរក្រហម​ កញ្ញា ​សេង​ ធារី ​បាន​ប្រកាស​ថា នាង​នឹង​ដក​ខ្លួន​ពី​​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០២​ រួម​ទាំង​ឈប់​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ច្រានចោល​​ពាក្យ​ស្នើសុំ​ តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០៣ ​និង​០០៤​ផង​ដែរ។

នៅក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃពុធ​ នាយិកា​សមាគម​ជនរងគ្រោះ​ក្នុង​របបខ្មែរ​​ក្រហម​​បាន​លើកពី​មូលហេតុ​មួយ​ដែល​នាង​ចាត់ទុក​ថា សាលាក្ដី​ខ្មែរក្រហម ​«គឺជា​ឆាកល្ខោន​នយោ​បាយ»


ការ​ប្រកាស​ដកខ្លួន​នេះ​ធ្វើឡើង​ខណៈដែល​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ ចាប់ផ្ដើម​បើក​សវនាការ​​ពេញអង្គ​សេចក្ដី​ក្នុង​សំណុំរឿង​ ០០២​ នេះ​នៅថ្ងៃ​ទី ​២១​ ​ខែ​វិច្ឆិកា​នេះ។ សំណុំរឿង​នេះ​ដែល​មាន​​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​បួននាក់ ​គឺនួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​ខៀវ ​សំផង​ អតីត​ប្រមុខរដ្ឋ ​អៀង ​សារី ​អតីត​ឧបនាយករដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ការបរទេស ​និង​ប្រពន្ធ​របស់គាត់​ អៀង​ ធីរិទ្ធ ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច។ ពួកគេ​ត្រូវ​ចោទ​ប្រកាន់​ពីបទ​ដែល​ពាក់ពន្ធ័​នឹង​ការបណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ ​កម្ពុជា​យ៉ាងតិច​១,៧ ​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត​ចន្លោះ​ពីឆ្នាំ ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

កញ្ញា​សេង ​ធារី ​បាន​ឲ្យដឹង​ថា ​នាង​នឹង​ជូន​ដំណឹង​ពី​ការ​ដកខ្លួន​នេះ​ទៅ​ដល់​សាលាក្ដី​ខ្មែរក្រហម​​នៅ​ដើម​សប្ដាហ៍​ក្រោយ។

«ខ្ញុំ​សម្រេ​ចចិត្ត​ហើយ។ ហើយ​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ជូន​ព័ត៌មាន​ទៅ​តុលាការ​​នៅ​ថ្ងៃអង្គារ​ សប្ដាហ៍​​ក្រោយ។ គេ​ចេះតែ​ប្រើ​នាម​របស់​យើង​ ប៉ុន្ដែ​សម្រាប់​ផលប្រយោជន៍​នយោបាយ​​ដែល​យើង​មិន​អាច​ទទួល​យក​បាន»។

កញ្ញា​សេង ធារី ​បាន​ប្ដឹង​សុំតាំង​ខ្លួន​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​នឹង​អតីត​​ មេដឹកនាំ​កំពូល​ខ្មែរក្រហម​​ទាំងបួន​នាក់​ក្នុង​សំណុំ​រឿង​០០២ ​សម្រាប់​​ការ​ស្លាប់​បាត់បង់​ជីវិត​នៃ​ឱពុកម្ដាយ​របស់​នាង និង​រូបនាង​​ផ្ទាល់​ត្រូវ​ពួក​ខ្មែរ​ក្រហម​​ចាប់ដាក់គុក​រយៈពេល​ប្រាំខែ​ ក្នុង​ខេត្ត​ស្វាយរៀង។ មាន​ដើម​បណ្ដឹង​រដ្ឋប្ប​វេណី​សរុប​ចំនួន​ជាង​៣.៨៦០ ​នាក់ ​ក្នុង​សំណុំរឿង​០០២​នេះ។ អតីត​នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឈន៍​​សង្គម​រូបនេះ​ក៏បាន​ដាក់ពាក្យ​ សុំតាំងខ្លួន​ជាដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០៣​ និង​០០៤ ​ប្រឆាំង​នឹង​អតីត​អ្នកទទួលខុស​ត្រូវ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួនប្រាំ​ នាក់​ផ្សេងទៀត ​ក៏ប៉ុន្ដែ​សហ​ចៅក្រមស៊ើប​​អង្កេត​​បាន​ទាត់ចោល​ការស្នើសុំ​នោះ។ នាង​បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការសម្រេច​នោះ​​ក៏ប៉ុន្ដែ​​នៅ​​មិនទាន់​ មាន​ការសម្រេច​ពី​អង្គបុរេជំនុំជម្រះ​នៅឡើយ។

លោក​នេត្រ ​ភក្រ្ដា​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​​មាន​ប្រសាសន៍​ថា ការដកខ្លួន​របស់​កញ្ញា ​សេង​ ធារី ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ក្ដី​នោះទេ។

«គឺជា​សិទ្ធិ​របស់​គាត់​នៅក្នុង​ការប្រកាស​ដកខ្លួន​នោះ​ ក៏ប៉ុន្ដែ​វា​មិន​ប៉ះពាល់​ទៅដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដទៃ​ទៀត​ក្នុង​ សំណុំរឿង ​០០២​ ហើយ​និង​ការដាក់ពាក្យ​សុំតាំងខ្លួន​ជាដើម​​បណ្ដឹង​រដ្ឋប្បវេណី​​​ក្នុង​ សំណុំរឿង​ផ្សេងៗ​ទៀត​ទេ»។

ជាមួយគ្នានេះ​មន្ដ្រី​អ្នកនាំពាក្យ​ដដែល​បាន​ច្រានចោល​ការចោទ​ប្រកាន់​ពី​ ការ​ជាប់ពាក់ពន្ធ័​ផ្នែក​​នយោ​បាយ​របស់​សាលាក្ដីខ្មែរ​ក្រហម​ដែល​កញ្ញា សេង ​ធារី ​បាន​លើក​ឡើង​​នោះ។ ក្រុមមេធាវី​ការពារក្ដី​​របស់​នួន​ ជា ​បាន​ប្ដឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​​កាលពី​ពេលថ្មីៗ​នេះ​​​ដោយលើក ​ឡើង​ពី​ការជ្រៀតជ្រែក​របស់​មន្ដ្រី​រដ្ឋាភិបាល​ចូលក្នុង​សាលាក្ដី​ ខ្មែរក្រហម។ កាលពី​ខែ តុលា​ អង្គការ​​សហ​ប្រជាជាតិ​បាន​ព្រមាន​កម្ពុជា​ឲ្យឈប់​បន្ដ​ធ្វើ​ សេចក្ដីថ្លែងការណ៍​ដែល​មាន​លក្ខណៈ​ជា​ការជ្រៀត​ជ្រែក​លើ​សំណុំរឿង​បន្ថែម​ ០០៣ ​និង​០០៤៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។