អង្គារ 08 វិច្ឆិការ 2011 1:16 PM
អៀង សារី អតីតរដ្ឋមន្រ្តីការបរទេសក្នុងរបបខ្មែរក្រហម តាមរយៈសហមេធាវីរបស់ខ្លួន បានដាក់ញត្តិមួយទៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយស្នើសុំឲ្យកោះហៅ សម្តេច នរោត្តម សីហនុ, លោក ហ៊ុន សែន , ទ្រង់ នរោត្តម រណប្ញទ្ធិ និងលោក ជា ស៊ីម ឲ្យមកផ្តល់សក្ខីកម្ម ទាក់ទងនឹងព្រះរាជក្រឹត្យលើកលែងទោសរូបលោកកាលពីឆ្នាំ១៩៩៦នោះ។អៀង សារី អតីតរដ្ឋមន្រ្តីការបរទេសខ្មែរក្រហមក្នុងអង្គជំនុំជម្រះ កន្លងមក
ទាក់ទងនឹងការស្នើឲ្យកោះហៅ មេដឹកនាំថ្នាក់កំពូលៗរបស់ប្រទេសកម្ពុជានេះ សហមេធាវីការពារក្តីឲ្យលោក អៀង សារី បានបញ្ជាក់ថា ស្របតាមវិធាន ៩៣ (៤) និងមាត្រា ៣១៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា អង្គជំនុំជម្រះអាចប្រើប្រាស់នគរបាលយុត្តិធម៌ ប្រសិនបើនាយករដ្ឋមន្រ្តី ហ៊ុន សែន, ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ និងលោក ជា ស៊ីម មិនប្រតិបត្តិតាមការកោះហៅរបស់អង្គជំនុំជម្រះនោះ។ ហើយជាមួយគ្នាក៏ពុំមានបញ្ញត្តិណាមួយរារាំងអង្គជំនុំជម្រះមិនឲ្យ ស្នើសុំសម្តេច នរោត្តម សីហនុ មិនឲ្យថ្វាយសក្ខីកម្មនោះឡើយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយតាមអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ឲ្យដឹងថា ការស្នើសុំទាំងនេះ ត្រូវអង្គជំនុំជម្រះចេញសេចក្តីបដិសេធរួចហើយនៅក្នុងសវនាការលើ អញ្ញត្តិកម្ម (ការកាត់ទោសពីរដងលើបទល្មើសតែមួយ) កាលពីដើមឆ្នាំនេះ៕



0 comments:
Post a Comment