Social Icons

Wednesday, October 26, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លទ្ធផល​នៃ​សន្និសីទ​ស្ដីពី​កម្ពុជា​២០​ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស


2011-10-26
សន្និសីទ ​អន្តរជាតិ​ពីរ​ថ្ងៃ​ក្នុង​សហរដ្ឋ​អាមេរិក អំពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​សម្រេច​ចេញ​នូវ​សេចក្ដី​សម្រេច​មួយ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ហា​អធិបតេយ្យភាព ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ វិបត្តិ​ប្រព័ន្ធ​តុលាការ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​ឯករាជ្យ។
លទ្ធផល​ពី​សន្និសីទ​អន្តរជាតិ​ពីរ​ថ្ងៃ​ក្នុង​រដ្ឋ​វីជីញៀ (Virginia) សហរដ្ឋ​អាមេរិក​ស្ដីពី «កម្ពុជា​២០​ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស» បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ហា​មួយ​ចំនួន រួម​មាន​បញ្ហា​បូរណភាព​ទឹក​ដី ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ពី​គណបក្ស​កាន់​អំណាច​ជាដើម។
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ក្រុម​អ្នក​វិភាគ រួម​ទាំង​សាស្ត្រាចារ្យ​ជា​ច្រើន​ក្រោម​ការ​សម្របសម្រួល​របស់​អង្គការ​ខ្មែរ ​អាមេរិកាំង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស និង​សមាគម​ខ្មែរ​សាមគ្គី​ដើម្បី​កម្ពុជា ដែល​នាំ​គ្នា​បង្កើត​សន្និសីទ​កាល​ពី​ថ្ងៃ​ទី​២១ និង ទី​២២ ខែ​តុលា កន្លង​ទៅ​នោះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​អធិបតេយ្យភាព​ឯករាជភាព និង​ការ​បង្រួបបង្រួម​ជាតិ​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ ប៉ារីស កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
ក្រុម​នេះ​ក៏​បាន​ទាមទារ​រដ្ឋាភិបាល​កម្ពុជា ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ គោរព​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ស្មើ​គ្នា​សម្រាប់​គណបក្ស​ជំទាស់​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​ព័ត៌មាន ហើយ​មិន​ត្រូវ​យក​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ជាតិ​បម្រើ​តែ​គណបក្ស​កាន់​អំណាច រួម​នឹង​ការ​ធានា​ឲ្យ​បាន​នូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ឯករាជ្យ គ្មាន​ការ​ជ្រៀតជ្រែក​ពី​គណបក្ស​នយោបាយ។


ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស លោក យ៉ាប់ គឹមទឹង មាន​ប្រសាសន៍​ថា អង្គ​សន្និសីទ​ដែល​បាន​ធ្វើ​កន្លង​មក​បាន​សម្រេច​ចេញ​នូវ​ញត្តិ​មួយ​ច្បាប់ ដាក់​ជូន​ដល់​រដ្ឋ​សភា និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​ខ្មែរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ក្នុង​ការ​ទាមទារ​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ឲ្យ​គោរព​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដូចជា​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម។
«សូម​ឲ្យ​ធានា​ឲ្យ​បាន​នូវ​តុលាការ​ក្នុង​ប្រទេស​ខ្មែរ​ឯករាជ្យ​ពី​ ក្រុម​គណបក្ស ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រឹប​អូស​ដីធ្លី​មិន​ត្រឹមត្រូវ ហើយ​លប់​ចោល​កុងត្រា​សម្បទាន​ដីធ្លី​ណា​ដែល​មាន​រយៈពេល​លើស​ពី ៣០​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ខ្មែរ​ជា​ច្រើន​អត់​មាន​កន្លែង​នៅ ហើយ​ដូច​ជា​បំពាន​សិទ្ធិ​មនុស្ស​ដល់​ក្រុម​គ្រួសារ​នោះ​ផង​ដែរ»
លោក យ៉ាប់ គឹមទឹង មាន​ប្រសាសន៍​បន្ត​ថា រហូត​មក​ទល់​ថ្ងៃ​នេះ លោក​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា នៅ​ឡើយ​ទេ ជុំវិញ​ការ​ដាក់​ញត្តិ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​នោះ។
វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​លោក ហែម ហេង ឯក​អគ្គ​រាជ​ទូត​ខ្មែរ​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដែរ កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែ​តុលា ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​បង្ហាញ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​អនុវត្តន៍​កិច្ច​ ព្រមព្រៀង​ទីក្រុង​ប៉ារីស តាម​រយៈ​ការ​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ដោយ​សន្តិវិធី។
«អាណិត​អាសូរ​ដល់​ខ្មែរ​នៅ​ក្រៅ​ស្រុក លោក​អត់​បាន​យល់​ជ្រាប​ពី​រឿង​ហ្នឹង​ទេ។ ឆ្លៀត​ឱកាស​នេះ​ខ្ញុំ​សូម​ចូល​រួម​ពន្យល់​លោក។ នៅ​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​យើង​បាន​ធ្វើ ប៉ុន្តែ​មិន​ទាន់​បាន​ពេញ​ចិត្ត​យើង​ទាំង​អស់​គ្នា​នៅ​ឡើយ​ទេ ទាំង​ក្នុង​ស្រុក ទាំង​ក្រៅ​សុ្រក យើង​កំពុង​ធ្វើ យើង​កំពុង​តែ​ប្រព្រឹត្ត ហើយ​យើង​កំពុង​តែ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ និង​កែ​លម្អ»
កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ មាន​បណ្ដា​ប្រទេស​ចំនួន ១៨ ចូល​រួម​ចុះ​ហត្ថលេខា​ដើម្បី​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ ហើយ​នាំ​យក​មក​នូវ​សន្តិភាព លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស និង​ការ​បង្រួបបង្រួម​ជាតិ​ជូន​ដល់​កម្ពុជា ហើយ​សម្រេច​ចេញ​នូវ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​ឆ្នាំ​១៩៩៣។
ថ្ងៃ​ចុះ​កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​កំណត់​ជា​បុណ្យ​ជាតិ​មួយ ហើយ​មាន​ការ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បាន​លប់​ចោល​ថ្ងៃ​បុណ្យ​ជាតិ​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ ប៉ារីស ២៣ តុលា កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្នាក់ ក្រោយ​ពី​មាន​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ផ្ដួល​រំលំ​រដ្ឋបាល​របស់​សម្ដេច​ ក្រុមព្រះ នរោត្តម រណឫទ្ធិ កាល​ពី​ឆ្នាំ​១៩៩៧ ដែល​កាល​ណោះ​ព្រះអង្គ​ជា​នាយករដ្ឋមន្ត្រី​ទី​មួយ ហើយ​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២។
ក្រុម​អ្នក​វិភាគ​និយាយ​ថា គ្រប់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ គួរ​នាំ​គ្នា​ដឹង​គុណ​ដល់​កិច្ច​ព្រមព្រៀង​ជា​អមតៈ​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។