Social Icons

Tuesday, October 18, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការ​​ផ្អាក​មិន​សាកសួរ​តំណាង​​អ្នក​ភូមិ​បឹង​កក់​ដោយសារ​អ្នក​គាំទ្រ​ច្រើន​ពេក


2011-10-18
នៅ ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១១ តំណាង​អ្នក​ភូមិ​បឹង​កក់​មួយ​រូប បាន​ចូល​ខ្លួន​ទៅ​កាន់​តុលាការ​តាម​ការ​កោះ​ហៅ តែ​មន្ត្រី​តុលាការ​បាន​លើក​ពេល​មិន​ធ្វើ​ការ​សាកសួរ​ទេ ដោយ​អះអាង​ថា មាន​អ្នក​តាម​មក​គាំទ្រ​ច្រើន​ពេក​ដែល​នាំ​ឲ្យ​ពិបាក​ធ្វើការ។
RFA/Uon Chhin
អ្នក​ភូមិ​បឹង​កក់​ស្លៀក​ពាក់​ជា​របៀប​ដូន​​ជី លុតជង្គង់​នៅ​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១១។
ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់ បាន​ចាត់​ទុក​ថា ការ​ដែល​មន្ត្រី​តុលាការ​លើក​ពេល​មិន​សាកសួរ​តំណាង​ពួកគេ​មួយ​រូប នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ថា ជា​ជោគជ័យ​កើត​ឡើង​ពី​សាមគ្គីភាព​របស់​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់ ដើម្បី​ការពារ​គ្នា។
អ្នកស្រី ទេព វន្នី ថ្លែង​បន្ទាប់​ពី​អ្នកស្រី​ចាក​ចេញ​ពី​តុលាការ​ថា អ្នកស្រី​និង​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​ដទៃ​ទៀត​បាន​ធ្វើការ​តវ៉ា​ជា​ច្រើន ​លើក​ច្រើន​សា តាម​កំហឹង​ដែល​ពួកគាត់​មាន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​ការ​រស់​នៅ​របស់​ពួក​គាត់។

ចំណែក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ វិញ មាន​ប្រសាសន៍​ថា ការ​ដែល​តុលាការ​លើក​ពេល​មិន​សាកសួរ​ចុង​ចោទ គឺ​ជា​ការ​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​របស់​តំណាង​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់ និង​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​អញ្ជើញ​មក​ដល់​តុលាកា។
លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ ដែល​បាន​ផ្ដល់​មេធាវី​ការពារ​ក្ដី​សម្រាប់​ចុង​ចោទ​ជា​តំណាង​ប្រជាពលរដ្ឋ​ តំបន់​បឹង​កក់ សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​ក្នុង​រឿង​ក្ដី​នៅ​ថ្ងៃ ​ដំបូង​នេះ។
មុន​ពេល​អ្នកស្រី ទេព វន្នី ចូល​ទៅ​ក្នុង​តុលាការ រូប​គាត់​និង​តំណាង​ប្រជាពលរដ្ឋ​ជា​ស្ត្រី​ទាំង​អស់ ៥​រូប ដែល​ស្លៀក​ពាក់​ដូច​ជា​ដូន​ជី គឺ​សំពត់​ស និង​អាវ​ស ពានា​ក្រមា​ពណ៌​ស ពាក់​ម៉ាស​ដែល​មាន​គូស​សញ្ញា​ជើង​ក្អែក ហើយ​កាន់​កញ្ចប់​រុំ​ដោយ​កំណាត់​ស​ដែរ មើល​ទៅ​ដូច​កញ្ចប់​អដ្ឋិធាតុ​បន្តិច ដូច​ជា​ស្លាដក់​បន្តិច តែ​ក្រោយ​ពេល​ដែល​ពួកគាត់​លា​កញ្ចប់​នីមួយៗ គឺ​មាន​ចាន​ខ្សាច់ និង​ស្លាក​សរសេរ​ជា​អក្សរ​ក្រហម​ដូច​ឈាម​ថា "ខ្ញុំ​ការពារ​ផ្ទះ​ត្រូវ​គេ​ចោទ គ្រាន់​តែ​និយាយ​ត្រូវ​គេ​ចោទ ផ្ទះ​ខ្ញុំ​ត្រូវ​គេ​កម្ទេច​អស់​ហើយ ខ្ញុំ​ត្រូវ​គេ​ចោទ តើ​ដី ១២​ហិកតារ​នៅ​ឯ​ណា?”។
តំណាង​ប្រជាពលរដ្ឋ​ទាំង ៦​រូប ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ បាន​លុត​ជង្គង់​បែរ​មុខ​ទៅ​រក​តុលាការ ហើយ​រួម​ទាំង​អ្នក​គាំទ្រ​ទាំង​អស់​ផង បាន​អង្វរករ​សូម​ឲ្យ​តុលាការ​ពិចារណា និង​ចាត់ការ​ករណី​រឿង​ក្ដី​របស់​ពួកគាត់​តាម​នីតិវិធី ដើម្បី​នាំ​មក​នូវ​យុត្តិធម៌​សម្រាប់​ពួកគាត់ ដោយ​ពួកគាត់​អះអាង​ថា ពួកគាត់​គ្មាន​កំហុស​ទេ។
បុរស​ម្នាក់​ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​ដែរ ដែល​ផ្ទះ​របស់​គាត់​ត្រូវ​ក្រុមហ៊ុន​ស៊ូកាគូ កម្ទេច​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១១ ហើយ​រូប​គាត់​កំពុង​តែ​រង​ការ​ចោទ​ប្រកាន់​ដែរ លោក ដួង គា សម្ដែង​ក្ដី​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គាត់។
តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ជា​ស្ត្រី​ដែល​ផ្ទះ​របស់​គាត់​ត្រូវ​គេ​ កម្ទេច​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ហើយ​រូប​គាត់​ត្រូវ​ចូល​ខ្លួន​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១១ ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ក្រោម​បទ​បរិហារ​កេរ្តិ៍ អ្នកស្រី ហេង មុំ ថ្លែង​ទុក្ខ​ដែល​កើត​ចេញ​ពី​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ និង​ផ្ទះ​សម្បែង។
អ្នសស្រី ទេព វន្នី បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១១ ថា អ្នកស្រី​បាន​ទទួល​ដំណឹង​ពី​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ អំពី​ការ​លើក​ពេល​មិន​សាកសួរ​អ្នកស្រី ហេង មុំ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១១ ទេ ហើយ​ក៏​មិន​ទាន់​កំណត់​ថា នឹង​លើក​ពេល​នៃ​ការ​សាកសួរ​ទៅ​ថ្ងៃ​ណា​ដែរ។
ក្រៅ​ពី​ការ​ប្ដឹង​ចោទ​ចំពោះ​តំណាង​ប្រជាពលរដ្ឋ​ទាំង ៦​រូប ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ក្រោម​បទ​បរិហារ​កេរ្តិ៍ ប្រជាពលរដ្ឋ ៨​រូប តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៨​គ្រួសារ​បាន​ប្ដឹង​ចោទ​ប្រកាន់​ចំពោះ​ក្រុមហ៊ុន​ស៊ូកាគូ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ផ្ទះ​សម្បែង​របស់​ពួកគាត់។
ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ចំនួន បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១១ ហើយ ហើយ​ពួក​គាត់​បាន​សម្ដែង​ការ​ពេញ​ចិត្ត​ថា មន្ត្រី​តុលាការ​បាន​យក​ចិត្ត​ទុក​ដាក់​ចាត់ការ​លើ​ពាក្យ​បណ្ដឹង​របស់​ពួក​ គាត់៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។