2011-09-29 ដោយ ខែ សុណង
នាយិកាពិធីការ និងទំនាក់ទំនងអន្តរជាតិរបស់ប្រធានព្រឹទ្ធសភា គឺលោក ជា ស៊ីម ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីការបស់តុលាការក្រុងភ្នំពេញ ហើយកំពុងស្ថិតនៅពន្ធនាគារព្រៃស។
កងរាជអាវុធហត្ថក្នុងខេត្តកោះកុង បានឃាត់ខ្លួនអ្នកស្រី ពិធីការនេះ កាលពីថ្ងៃទី២៨ ខែកញ្ញា ខណៈដែលអ្នកស្រី ប៉ុនប៉ងគេចខ្លួនដើម្បីចេញទៅក្រៅប្រទេស។
សាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនអ្នកស្រី ផេង គន្ធាបូរី នាយិកាពិធីការ និងទំនាក់ទំនងអន្តរជាតិរបស់ប្រធានព្រឹទ្ធសភាលោក ជា ស៊ីម ពីបទឆបោកមានស្ថានទម្ងន់ទោសធ្វើឲ្យប៉ះពាល់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ។
លោកឧត្ដមសេនីយ៍ ខេង ទីតូ អ្នកនាំពាក្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃទី២៩ កញ្ញា ថា អ្នកស្រី គន្ធាបូរី ប្រធានពិធីការរបស់ប្រធានព្រឹទ្ធសភាលោក ជា ស៊ីម ត្រូវសាលារាជធានីភ្នំពេញ ចោទពីបទឆបោកមានស្ថានទម្ងន់ទោសធ្វើឲ្យប៉ះពាល់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ប៉ុន្តែលោកពុំបានបកស្រាយពីបទចោទប្រកាន់នោះថាយ៉ាងណានោះទេ។
លោកបន្តថា ៖ «ធម្មតានេះតាមស៊ើបអង្កេត និងការស្រាវជ្រាវរបស់តុលាការតើ! គេរកឃើញអ៊ីចឹង។ យើងអត់អាចដឹងបាន តុលាការគេកំពុងស៊ើបអង្កេតរឿងហ្នឹងតទៅទៀត»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងចៅក្រម ជា សុខហៀង និងព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ចាន់ពិសិដ្ឋ ដើម្បីបំភ្លឺពីបទចោទនេះបានទេ ដោយលោកមិនលើកទូរស័ព្ទ។
ចំណែកលោក មុំ សារិន នាយខុទ្ទកាល័យលោក ជា ស៊ីម ក៏បានបិទទូរស័ព្ទមិនអត្ថាធិប្បាយដែរ។
ពាក់ព័ន្ធបញ្ហានេះ មេធាវីការពារក្ដីអ្នកស្រី ផេង គន្ធាបូរី គឺ លោកមេធាវី គួយ ធុនណា ថ្លែងថា រហូតមកដល់ពេលនេះ លោកនៅពុំទាន់បានដឹងថា ព្រះរាជអាជ្ញាមានមូលដ្ឋានអ្វីខ្លះដែលចោទកូនក្ដីរបស់លោកនោះទេ។ ប៉ុន្តែលោកនឹងសុំធានាកូនក្ដីរបស់លោកនៅក្រៅឃុំ។
នាយិកាពិធីការ និងទំនាក់ទំនងអន្តរជាតិរបស់ប្រធានព្រឹទ្ធសភាលោក ជា ស៊ីម ត្រូវកងរាជអាវុធហត្ថក្នុងខេត្តកោះកុង បានឃាត់ខ្លួនអ្នកស្រីពិធីការនេះ កាលពីថ្ងៃទី២៨ កញ្ញា តាមដីការបស់តុលាការក្រុងភ្នំពេញ ហើយកំពុងស្ថិតនៅពន្ធនាគារព្រៃស៕



0 comments:
Post a Comment