ដោយ ដែន អយុធ្យា 2011-09-30
ប្រជាពលរដ្ឋរស់នៅខេត្តព្រៃវែង កំពុងប្រឈមបញ្ហាខ្វះស្បៀងជាបន្ទាប់ ដោយសារទឹកជំនន់បានជន់លិចលំនៅឋាន និងមិនអាចចេញប្រកបរបរទទួលទានប្រចាំថ្ងៃបាន។
កង្វល់នេះពលរដ្ឋបានសំណូមពរទៅប្រមុខដឹកនាំ និងស្ថាប័នកាកបាទក្រហមឲ្យជួយផ្តល់អាហារហូបចុកឲ្យបានទាន់ពេល ព្រោះមានពលរដ្ឋមួយចំនួនគ្មានអង្ករច្រកឆ្នាំងទេ។
ពលរដ្ឋរងគ្រោះដោយទឹកជំនន់នាខេត្តព្រៃវែង បានត្អូញត្អែរនៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា បានអំពាវនាវទៅដល់ប្រមុខដឹកនាំ និងស្ថាប័នកាកបាទក្រហម ឲ្យជួយផ្ដល់ស្បៀងឲ្យបានទាន់ពេល ព្រោះមានពលរដ្ឋខ្លះដាច់បាយក្រហាយទឹករកអង្ករច្រកឆ្នាំងពុំបាន។
លោកស្រី ឈុន ចាន់ថា ជាស្ត្រីមេម៉ាយ មានកូនប្រាំនាក់ក្នុងបន្ទុក រស់នៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ស្ថិតក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់រាប់ម៉ឺនគ្រួសារ។ លោកស្រីបានដង្ហោយរករដ្ឋាភិបាលជួយផ្ដល់ស្បៀងអាហារ ព្រោះថា សព្វថ្ងៃនេះកូនតូចៗរបស់គាត់មិនមានអាហារហូបចុកទេ។
លោកស្រីបន្តថា រូបគាត់មានរបរដាំត្រកួន និងច្រូតស្មៅលក់ដើម្បីរកប្រាក់ទិញអាហារប្រចាំថ្ងៃ ប៉ុន្តែពេលនេះទឹកជំនន់ជន់ឡើង រូបគាត់គ្មានអ្វីទីពឹងទៀតទេ។
លោកស្រី ឈុន ចាន់ថា អំពាវនាវដូច្នេះ ៖ «ខ្ញុំអំពាវនាវដល់រដ្ឋាភិបាលជួយខ្ញុំផង! ខ្ញុំទីទ័លក្រពិតៗ លិចទឹកច្រើនណាស់ទូទៅតែម្តង ហើយអ្នកអត់ក៏ច្រើនដែរ»។
ប្រជាពលរដ្ឋផ្សេងទៀតក៏បានលើកឡើងពីការខ្វះអង្ករច្រកឆ្នាំង និងបានអំពាវនាវរកកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល ពិសេសស្ថាប័នកាកបាទក្រហម ៖ «ពលរដ្ឋនៅព្រៃវែង ច្រើនប្រកបរបរនេសាទដាក់មង ចងសន្ទូច តែឥឡូវខ្យល់ដាក់លបតិចតួចពុំបាន។ អំពាវនាវដល់រដ្ឋាភិបាលឲ្យជួយមើលកូនចៅនៅឃុំកោះរកាផង កំពុងខ្វះខាត។ សូមអំពាវនាវដល់កាកបាទក្រហមកម្ពុជា ឲ្យជួយសង្គ្រោះពលរដ្ឋឃុំកោះរកាផង ដើម្បីឲ្យរួចផុតពីភាពអត់ឃ្លាន»។
លោក ច័ន្ទ ដេត ជាអភិបាលស្រុកពាមជរ ខេត្តព្រៃវែង។ លោកទទួលស្គាល់ថា ក្នុងចំណោម ១០ឃុំ ក្នុងមូលដ្ឋានលោក ត្រូវរងលិចលង់ទាំងស្រុង និងធ្ងន់ធ្ងរ។ លោកបន្តថា នៅថ្ងៃសៅរ៍ ទី១ ខែតុលា អាជ្ញាធរជ្រើសយកគ្រួសារពលរដ្ឋក្រីក្រ ដែលផ្ទះលិចទឹកប្រឈមការខ្វះអាហារចំនួន ៥០០គ្រួសារ ដើម្បីផ្ដល់ស្បៀងសង្គ្រោះបន្ទាន់។
លោក ច័ន្ទ ដេត ឲ្យដឹងដូច្នេះ ៖ «ប៉ុន្មានថ្ងៃនេះខ្ញុំចុះដើរមើលគ្រប់ឃុំលិចទឹកទាំងអស់ ហើយទៅមើលកន្លែងសម្រាប់ទុកជូនកាកបាទក្រហម ក្រោមអធិបតីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង ចុះចែកអំណោយដល់ពលរដ្ឋខ្វះខាត»។
ទិន្នន័យជំរឿនឆ្នាំ២០០១ បានបង្ហាញថា ខេត្តព្រៃវែង មានប្រជាជនសរុបចំនួនជាង ១លាននាក់ និងមានប្រជាជនចំនួនជាង ៨សែននាក់ជាកសិករ។ ពលរដ្ឋប្រហែល ១សែន៥ម៉ឺននាក់ មានរបរជាអ្នកនេសាទ។ ខេត្តព្រៃវែង ចែកជា ១២ស្រុក មានឃុំចំនួន ១១៦ឃុំ និងភូមិចំនួន ១.១៣៩។ ទាក់ទងបញ្ហានេះ ថ្នាក់ដឹកនាំខេត្តព្រៃវែង បានឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធកំពុងមមាញឹកចុះស្រង់ស្ថិតិពលរដ្ឋរងគ្រោះពីទឹកជំនន់ និងមានផែនការផ្ដល់ស្បៀងសង្គ្រោះជូនពលរដ្ឋដែលខ្វះខាតខ្លាំង។
របាយការណ៍ខេត្តព្រៃវែង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា មានលំនៅឋានពលរដ្ឋចំនួនជិត ៣ម៉ឺនខ្នងត្រូវលិចទឹក និងខូចខាតទាំងស្រុងអស់ជាង ២០០ខ្នង។ មានពលរដ្ឋជិត ៥ម៉ឺនគ្រួសារត្រូវជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ ក្នុងនោះដំណាំកសិកម្ម ពិសេសដំណាំស្រូវវស្សាត្រូវលិចទឹកអស់ជាង ៦ម៉ឺនហិកតារ។ គ្រោះទឹកជំនន់នេះបានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៤១នាក់។
ស្ថិតិរបស់រដ្ឋាភិបាលក៏បានឲ្យដឹងដែរថា ចំនួនមនុស្សស្លាប់ដោយគ្រោះទឹកជំនន់នៅទូទាំងប្រទេសកម្ពុជា បានកើនជាង ១០០នាក់ និងបានប៉ះពាល់ផ្ទៃដីនាំស្រូវប្រហែល ២សែនហិកតារ៕

0 comments:
Post a Comment