Social Icons

Saturday, September 3, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការកោះហៅលោកសមរង្សីឲ្យចូលខ្លួនទាក់ទងនឹងបណ្តឹងលោកហោ ណាំហុង


FRIDAY, 02 SEPTEMBER 2011 15:08
មាស សុខជា


ភ្នំពេញៈ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ហៅ​ប្រធាន​គណបក្ស សម រង្ស៊ី ដែល​ជា​បក្ស​ប្រឆាំង​ឲ្យ​ចូល​រួម​សវនាការ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២២​ ខែ កញ្ញា​ខាង​មុខ​នេះ ទាក់​ទិន​នឹង​ករណី​បរិហារ​កេរ្តិ៍​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា​ លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​មាន​តួនាទី នៅ​កន្លែង​ឃុំ​ឃាំង​ក្នុង​របប​ខ្មែរ​ក្រហម។
ក្នុង​ដីកា​កោះ​ដែល​ចេញ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​លោក សៀង សុខ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ​ឲ្យ​ចូល​បង្ហាញ​ខ្លួន​នៅ​បន្ទប់​សវនាការ​តុលាការ​នា​ថ្ងៃ​ទី​២២
ខែ​កញ្ញា នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​ ជា​កំហិត​ដើម្បី​បើក​សវនាការ​ទៅ​លើ​ករណី​បណ្តឹង​ទាស់​។
លោក សម រង្ស៊ី បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ធ្វើ​ឡើង​លើ​លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ២០០៨ នៅ​ពេល​លោក​ថ្លែង​ក្នុង​អំឡុង​ពេល​ចូល​រួម​ក្នុង​ពិធី​ឧទ្ទិស​រំឭក​ដល់​ ប្រជាជន​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​នៅ យោង​តាម​ពាក្យ​បណ្តឹង​ឆ្នាំ ២០០៨ លោក សម រង្ស៊ី បាន​ចោទ​ថា លោក ហោ ណាំហុង ថា​ធ្លាប់​ធ្វើ​ជា​មេ​គុក​បឹង​ត្របែក​នៅ​ក្រោម​របប​ខ្មែរ​ក្រហម។ លោក ហោ ណាំហុង ទទួល​បាន​ជោគ​ជ័យ​ក្នុង​បណ្តឹង​ស្រ​ដៀង​គ្នា​នេះ ​នៅ​ប្រទេស​បារាំង​កាល​ពី​ឆ្នាំ ២០០៨ ដែល​ពេល​នោះ​តុលាការ​បាន​ពិន័យ​ជា​និមិត្ត​រូប​ចំពោះ​លោក សម រង្ស៊ី សម្រាប់​ការ​រៀប​រាប់​របស់​គាត់​នៅ​ក្នុង​សៀវភៅ​ជីវ​ប្រវត្តិ​របស់​ខ្លួន។ បទ​ចោទ​ប្រកាន់​នោះ​ធ្វើ​ឡើង​តាម​មាត្រា​៦៣ និង​៦២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​អន្តរ​កាល ​ក្នុង​សម័យ​អ៊ុនតាក់។
កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០០៥ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​កាត់​ទោស​កំបាំង​មុខ​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​ រយៈ​ពេល​ពីរ​ឆ្នាំ និង​​បញ្ជា​ឲ្យ​គាត់​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ជូន​លោក ហោ ណាំ​ហុង ចំនួន​៨​លាន​រៀល​(ពីរ​ពាន់​ដុល្លារ)​ចំពោះ​ការ​បរិហារ​កេរ្តិ៍ និង​ញុះ​ញង់​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​លើ​មន្ត្រី​រដ្ឋា​ភិបាល ព្រោះ​លោក សម រង្ស៊ី បាន​ចោទ​លោក ហោ ណាំហុង ថា​ជា​អតីត​មេ​គុក​បឹង​ត្របែក​ក្នុង​របប​ខ្មែរ​ក្រហម។
លោក ជួង ជូងី មេ​ធាវី​ការពារ​ក្តី​លោក សម រង្ស៊ី បាន​មាន​ប្រ​សាសន៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ ដើម្បី​ការពារ​ក្តី​ឲ្យ​កូន​ក្តី​របស់​លោក និង​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ថ្មី​ទៅ​កាន់​សា​លា​ដំបូង​រាជ​ធានី​ជំទាស់​ទៅ​ នឹង​ការ​សម្រេច​ខាង​លើ ដោយ​អះ​អាង​ថា សាលា​ដំបូង​រាជ​ធានី​មិន​​ត្រូវ​សម្រេច​ករណី​លោក សម រង្ស៊ី ឲ្យ​ចាញ់​លោក ហោ ណាំ​ហុង ទេ ព្រោះ​លោក សម រង្ស៊ី បាន​ឈ្នះ​ក្តី​លោក ហោ ណាំហុង ក្នុង​ករណី​នេះ​នៅ​តុលាការ​កំពូល​បារាំង​រួច​ហើយ។
លោក ជួង ជូងី បាន​ថ្លែង​គូស​បញ្ជាក់​ថា៖ ​«គោល​ការណ៍​ច្បាប់​នៅ​លើ​ពិភព​លោក បើ​តុលាការ​កំពូល​បារាំង​សម្រេច​ឲ្យ​ ឯក​ឧត្តម សម រង្ស៊ី ឈ្នះ តើ​តុលាការ​ខ្មែរ​សម្រេច​ឲ្យ​ឯក​ឧត្តម​ចាញ់​ក្តី​យ៉ាង​ម៉េច?»។
លោក ការ សាវុត្ថ មេ​ធាវី​ការ​ពារ​ក្តី​លោក ហោ ណាំហុង បាន​បដិសេធ​មិន​ឆ្លើយ​តប​លម្អិត​ទេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ប៉ុន្តែ​ បាន​ថ្លែង​ថា លោក​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដើម្បី​ការពារ​កូន​ក្តី​របស់​លោក​៕ CR

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។