ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.នៅថ្ងៃសៅរ៍ ២៤ កញ្ញាម្សិលមិញ បានអំពាវនាវ ឲ្យបញ្ឈប់អំពើហិង្សានៅ យេម៉ែន ជាទីដែលមានមនុស្សយ៉ាងតិច ៤០នាក់បានស្លាប់នៅទីក្រុង Sanaa នៅថ្ងៃបន្ទាប់ពីការវិលត្រឡប់មកវិញ គួរឲ្យភ្ញាក់ផ្អើល របស់លោកប្រធានាធិបតី Ali Abdallah Saleh ។
នៅក្នុងសេចក្តីជូនដំណឹងមួយ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានអំពាវនាវគ្រប់ភាគីឱ្យ” ទាត់ចោលអំពើ បដិសេធហិង្សា រួមទាំងហិង្សាធ្វើទៅលើជនស៊ីវិលស្លូតត្រង់និងគ្មានអាវុធ”និងបានសុំឱ្យមាន” ដំណើរអន្តរកាលប្រជាធិបតេយ្យ “។
ការប្រយុទ្ធគ្នាដ៏ខ្លាំងបានកើតមាន នៅថ្ងៃសៅរ៍ម្សិលមិញ នៅទីក្រុងSanaaជាទីដែលមានមនុស្សយ៉ាងតិច៤០នាក់បានស្លាប់ នៅថ្ងៃបន្ទាប់ពីមានការអំពាវនាវឱ្យបញ្ឈប់ហិង្សាពីខាងលោកប្រធានាធិបតីSaleh នៅពេលវិលត្រឡប់មកវិញគួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃសុក្រ២៣កញ្ញា បន្ទាប់ពីអវត្តមានជាងបីខែមក។ការនេះនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់១៧៤នាក់ ចាប់តាំងពីមានអំពើហិង្សា នៅថ្ងៃអាទិត្យ១៨កញ្ញាមុន នៅរដ្ឋធានីSanaa។
ទោះបីជាគាត់បានអនុញ្ញាតឱ្យលោកអនុប្រធានាធិបតីរបស់គាត់ធ្វើការចរចា ដើម្បីរកច្រកចេញពីវិបត្តិក្តី ក៏លោកSalehបានវិលត្រឡប់មកកាន់ទីក្រុងSanaa វិញ នៅថ្ងៃសុក្រ បន្ទាប់ពីការព្យាបាលរោគនិងឈប់សម្រាកដោយងើបពីឈឺអស់រយៈពេលជាងបីខែមក នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពីបានទទួលរងការវាយប្រហារទៅលើវិមានប្រធានាធិបតីរបស់គាត់ នៅថ្ងៃ៣មិថុនាមក។
ពេលត្រឡប់មកវិញភ្លាម លោកSalehបានអំពាវនាវឱ្យ” គ្រប់គណបក្សនយោបាយនិងយោធាឈប់បាញ់គ្នា” ប៉ុន្តែការប្រយុទ្ធគ្នាបានមានសភាពកាន់តែខ្លាំងឡើង នៅល្ងាចថ្ងៃសុក្រ២៣កញ្ញា។លោកSalehដែលបានកាន់ក្តាប់រដ្ឋអំណាច ចាប់ពីឆ្នាំ១៩៧៨មកនិងជាប់ចោទពីបទពុករលួយនិងគ្រួសារនិយម បានប្រឈមមុខ ចាប់ពីខែមករាមកម៉្លេះទល់នឹងចលនាប្រជាជនតវ៉ាប្រឆាំងនឹងរបបគាត់ នៅទីក្រុងធំៗនៃប្រទេសយេម៉ែន៕
0 comments:
Post a Comment