
នៅរសៀលថ្ងៃទី២២ កញ្ញា នេះ បុរសដែលជាប្រធានចលនាយុវជនគណបក្សសមរង្ស៊ី ហើយត្រូវបានក្រុមប៉ូលិសព្រួតវាយបណ្តាលឲ្យបែកក្បាលក្នុងជម្លោះឈូសឆាយផ្ទះអ្នកភូមិបឹងកក់កាលពីចុងសប្តាហ៍មុន បានដាក់ពាក្យប្តឹងទៅតុលាការក្រុងភ្នំពេញហើយ។
លោក សួង សុភ័ណ នៅ ខាងមុងតុលាការក្រុងភ្នំពេញ
លោក សួង សុភ័ណ សមាជិកចលនាយុវជនគណបក្សសមរង្ស៊ី និងមន្រ្តីគណបក្សសមរង្ស៊ី ដែលក្នុងនោះមានលោកស្រី មូរ សុខហួរ ផង បានដាក់ពាក្យប្តឹងទៅតុលាការក្រុងភ្នំពេញ ចំពោះមន្រ្តីប៉ូលិសដែលបានវាយខ្លួន ដោយចោទពីបទប៉ុនប៉ងមនុស្សឃាត និងទាសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារអាមេរិក។
ក្នុងពាក្យបណ្តឹងរបស់លោក សួង សុភ័ណ បានរៀបរាប់ថា ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅតំបន់បឹងកក់កាលពីថ្ងៃទី១៦ កញ្ញា កន្លងទៅ លោកត្រូវបានប៉ូលិសវាយឲ្យសន្លប់បាត់បង់ស្មារតីជាច្រើនម៉ោងដោយហូរឈាម បែកឆ្អឹងម្រាមដៃ និងបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួនដូចជា ខ្សែកផ្លាកទីន១ខ្សែ តម្លៃ៧០០ដុល្លារ ទូរស័ព្ទមួយគ្រឿងតម្លៃ៥០០ដុល្លារ និងថវិកាក្នុងកាបូបចំនួន៣២៨ដុល្លារផងដែរ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា លោក សួង សុភ័ណ សមាជិកចលនាយុវជនគណបក្សសមរង្ស៊ី បានចូលរួមក្នុងការរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនស៊ូកាគូអ៊ីនដែលកំពុងឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអ្នកបឹងកក់។ នៅពេលនោះ លោកត្រូវបានកម្លាំងសមត្ថកិច្ចដែលប្រដាប់ដោយខែល ដំបងឆក់ និងអាវុធវែងខ្លីព្រួតវាយ ធ្វើឲ្យលោកសន្លប់នៅកន្លែងកើតហេតុ៕



0 comments:
Post a Comment