Social Icons

Friday, July 8, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រសួង​ព័ត៌មាន​ហាម​ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦ កក្កដា​ ថា​ជា​រដ្ឋ​ប្រហារ


2011-07-08
ក្រសួង ​ព័ត៌មាន​ប្រទេស​កម្ពុជា បាន​ចេញ​លិខិត​ប្រកាស​មួយ ចុះ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១១ ហាម​អ្នក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ទស្សនាវដ្តី ឬ​ព្រឹត្តិបត្រ​ទាំង​អស់​នៅ​កម្ពុជា ឲ្យ​បញ្ឈប់​ការ​ប្រើ​ពាក្យ​ហៅ ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ។
AFP File Photo
រថក្រោះ ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៥​-​៦ កក្កដា ១៩៩៧ ។
ខ្លឹមសារ​លិខិត​ដែល​វិទ្យុ​អាស៊ីសេរី ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា បាន​បង្ហាញ​ថា ថ្មីៗ​នេះ​មាន​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​បាន​​ផ្សព្វផ្សាយ​របស់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដោយ​ប្រើ​ពាក្យ​ថា ជា​រដ្ឋ​ប្រហារ​ទៅ​វិញ​អាច​នាំ​ឲ្យ​សាធារណជន​ទូទៅ​​​យល់​ច្រឡំ​ចំពោះ​ ព្រឹត្តិការណ៍​នេះ។
លិខិត​ដដែល​បាន​សង្កត់​ធ្ងន់​ថា ព្រឹត្តិការណ៍​​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​ផ្សាយ​រួច​ហើយ​នូវ​សៀវភៅ​​ស្ដី​អំពី​ព្រឹត្តិការណ៍​នេះ គឺ​ជា​មូលហេតុ​នៃ​ជម្លោះ​ផ្ទៃ​ក្នុង​រាជ​រដ្ឋាភិបាល ដែល​នាំ​ដល់​ការ​ប៉ះទង្គិច​ដោយ​អាវុធ។ បន្ថែម​លើ​នេះ សៀវភៅ «ស» របស់​ក្រសួង​ការបរទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​១៩៩៧ ជា​ភាសា​អង់គ្លេស​ថា Crisis in July ក៏​បាន​ចេញ​ផ្សាយ​រួច​ហើយ​ដែរ។
យ៉ាង​ណា​ក៏ដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ស្នើ​នៅ​ក្នុង​លិខិត​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ទៅ​គ្រប​បណ្ដាញ​សារព័ត៌មាន​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វផ្សាយ​ឲ្យ ​បាន​ត្រឹមត្រូវ​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ទៅ​តាម​សភាពការណ៍​ពិត​របស់​កម្ពុជា។
ទាក់ទង​បញ្ហា​នេះ លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក មាន​ប្រសាសន៍​ថា កន្លង​មក​អង្គភាព​សារព័ត៌មាន​របស់​​លោក​ធ្លាប់​បាន​សរសេរ​ចុះ​ផ្សាយ​លើ​ អត្ថបទ​ទាក់ទង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ថា​ជា​រដ្ឋ​ប្រហារ​ផង​ដែរ ប៉ុន្តែ​​​​​ក្រោយ​មក​បាន​កែប្រែ​វិញ ព្រោះ​មិន​ចង់​ប្រឈម​មុខ​ច្បាប់​ជាមួយ​រដ្ឋាភិបាល។ តាម​​លោក ហង្ស ចក្រា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា អ្នក​កាសែត​គ្រប់​រូប​គួរ​ទុក​ឲ្យ​ពលរដ្ឋ ក៏​ដូច​ជា​សាធារណជន​ជា​អ្នក​ធ្វើ​ការ​វាយ​តម្លៃ ទោះ​ពួក​គេ​ចាត់​ទុក​ព្រឹត្តិការណ៍​នោះ​ថា ជា​អ្វី​ក៏​ដោយ​ចុះ។
លោក ហង្ស ចក្រា បន្ថែម ៖ «ខ្ញុំ​គ្មាន​ប្រតិកម្ម​អី​តបត​ទេ ទោះ​ជា​រដ្ឋ​ប្រហារ ឬ​មិន​រដ្ឋ​ប្រហារ វា​ជា​រឿង​មួយ​ដែល​យើង​ទុក​ឲ្យ​សាធារណជន និង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​លោក​ពិនិត្យ​ពិចារណា និង​វាយ​តម្លៃ​ចុះ»
ស្រដៀង​គ្នា​ដែរ លោក មឿន ឈានឫទ្ធិ នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា អ្នក​កាសែត​គួរ​លើក​យក​ប្រភព​ពី​ឥស្សរជន​គណបក្ស​នយោបាយ​ណា​មួយ​ឲ្យ​ផ្ដល់​ ការ​វិភាគ​ជុំវិញ​​ព្រឹត្តិការណ៍​​ដែល​កើត​ឡើង ប៉ុន្តែ​អ្នក​កាសែត​មិន​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​ខ្លួន​ឯង​នោះ​ទេ។
លោក​បន្ត​ថា ចំពោះ​ព្រឹត្តិការណ៍​ដែល​កើត​មាន​ដូច​ជា​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឬ​ស្រដៀង​គ្នា​នេះ ក្រុម​អ្នក​កាសែត​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ការ​តែង​និពន្ធ ដើម្បី​ជៀសវាង​ការ​ប្ដឹងផ្ដល់​ទៅ​កាន់​តុលាការ ៖ «សម្រាប់​អង្គភាព​ សារព័ត៌មាន​យើង​គួរ​តែ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ ឬ​នៅ​ពី​លើ​ព្រឹត្តិការណ៍​ហ្នឹង ដោយ​យើង​គ្រាន់​តែ​ស្រង់​ពាក្យ​សម្ដី​របស់​ប្រភព​ព័ត៌មាន ឬ​ក៏​អ្នក​នយោបាយ​ណា​មួយ បើ​សិន​ជា​អ្នក​នយោបាយ​ណា​មួយ​គេ​ហៅ​ថា ជា​រដ្ឋ​ប្រហារ អ្នក​កាសែត​ស្រង់​សម្ដី​គេ​មិន​មែន​ជា​ការ​ខុស​ឆ្គង​ទេ»
ទាក់ទង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ជុំវិញ​ព្រឹត្តិការណ៍​ដែល​​កើត​មាន​កាល​ ពី​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ថា ជា​ព្រឹត្តិការណ៍​អ្វី​នោះ​ទេ។
ចំណែក​មន្ត្រី​គណបក្ស នរោត្តម រណឫទ្ធិ វិញ បាន​ថ្លែង​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា រដ្ឋាភិបាល​មិន​គួរ​លើក​យក​មក​បកស្រាយ​ទៀត​ទេ។
លោក ប៉ែន សង្ហា មន្ត្រី​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង ឬ​ក្រៅ​ស្រុក ក៏​ដូច​ជា​អន្តរជាតិ បាន​ជ្រួតជ្រាប​រួច​ហើយ​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ​ថា កើត​ឡើង​ដោយសារ​អ្វី​នោះ។
លោក ប៉ែន សង្ហា បន្ថែម ៖ «ទាក់ទង​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ការ​ប្រើ​ពាក្យពេចន៍​នេះ​មាន​រួច​ស្រេច ហើយ​តាំង​តែ​ពី​ថ្ងៃ​កើត​ព្រឹត្តិការណ៍​មក​ម្ល៉េះ។ ដូច្នេះ​ខ្ញុំ​គិត​ថា មិន​ចាំបាច់​មាន​ការ​កំណត់​ណា​មួយ​ទាក់ទង​ពាក្យពេចន៍​ទាំង​នេះ​ទេ ហើយ​ប្រជាជន​ក៏​លោក​បាន​យល់​ជ្រួតជ្រាប​អំពី​បញ្ហា​នេះ​បាន​មួយ​ចំនួន​ហើយ​ ដែរ»
ទោះ​យ៉ាង​ណា លិខិត​របស់​ក្រសួង​ព័ត៌មាន​ចុះ​ហត្ថលេខា​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មិន​បាន​បញ្ជាក់​ពី​​ការ​​ប្តឹងផ្តល់ ឬ​ដាក់​ទោស​ទណ្ឌ​បែប​ណា​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ឡាយ​ណា​ដែល​នៅ​ បន្ត​ផ្សាយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ថា​ជា​រដ្ឋ​ប្រហារ​នោះ​ទេ គ្រាន់​តែ​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ព្រឹត្តិការណ៍​នេះ​ថា ជា​រដ្ឋប្រហារ​ត​ទៅ​ទៀត៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។