Social Icons

Thursday, May 26, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រុម​មេដឹកនាំ G8 ជួប​ប្រជុំ​គ្នា​នៅ​បារាំង ជជែក​គ្នា​បញ្ហា​នៅ​អារ៉ាប់ និង​ស្ថាប័ន IMF

ឌូវីល៖ ក្រុម​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហកម្ម​រីក​ចម្រើន​ទាំង​ ៨ (G8) បាន​ចាប់​ផ្តើម​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​និយាយ​ពី​ជំនួយ​ផ្តល់​ទៅ​ឲ្យ​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ ថ្មីៗ​នៅ​ក្នុង​ពិភព​អារ៉ាប់ ប៉ុន្តែ ការ​ឈ្លោះ​​ប្រកែក​គ្នា​នៅ​ក្នុង​ចំណោម​ប្រទេស​លោក​ខាង​លិច និង​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ថ្មី ជុំ​វិញ​បញ្ហា​ថា ​តើ​នរណា​នឹង​គ្រប់​​គ្រង​ស្ថាប័ន IMF នោះ អាច​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​នៃ​កិច្ច​ប្រជុំ​របស់​មេដឹកនាំ​ ទាំង​នោះ។
អំពើ​ហិង្សា​កាល​ពី​យប់​មិញ​នៅ​ប្រទេស​​យេម៉ែន ដែល​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ជា​ច្រើន​ក្នុង​ពិភព​អារ៉ាប់ ជា​ទី​ដែល​មេដឹកនាំ​ជើង​ចាស់​ប្រឈម​មុខ​នឹង​ការ​បោះ​បោរ​ពី​សំណាក់​ប្រជាជន ក៏​អាច​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​របស់​លោក​ប្រធានាធិបតី អាលី អាប់ដុលឡះ សាឡេះ បាន​បញ្ជា​ឲ្យ​​បុគ្គលិក​ការទូត​សំខាន់​ទាំង​អស់ ចាក​ចេញ​ពី​ប្រទេស​នេះ​ដោយ​សារ​តែ​អំពើ​ហិង្សា​កាន់​តែ​ឡើង​ខ្ពស់។
ក្រុម​មន្ត្រី​មក​ពី​ប្រទេស​ G8 មាន​អាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​រុស្ស៊ី បាន​រៀប​ចំ​កិច្ច​ប្រជុំ​ត្រៀម​ខ្លួន​មួយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ នៅ​ឯ​ទីក្រុង​ឌូវីល ដើម្បី​​ឈាន​ទៅ​ដល់​ជំហរ​រួម​មួយ​ស្តី​ពី​បញ្ហា​នានា ចាប់​ពី​សេដ្ឋកិច្ច​ពិភព​លោក រហូត​ដល់​សង្គ្រាម​ស៊ីវិល​នៅ​លីប៊ី គោល​ដៅ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ចលា​ចល​នៅ​ស៊ីរី។
រៀប​ចំ​ដោយ​លោក​ប្រធានាធិបតី​បារាំង នីកូឡាស់ ហ្សាកូហ្ស៊ី កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​សុក្រ។ ជំនួប​កំពូល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឯកភាព​លើ​កញ្ចប់​ជំនួយ​​តម្លៃ​ រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ទុយនីស៊ី និង​អេហ្ស៊ីប បន្ទាប់​មាន​ចលា​ចល​ក្រោក​ឡើង​បះ​បោរ​របស់​ប្រជាជន​​ប្រឆាំង​នឹង​មេដឹកនាំ​ ផ្តាច់​ការ​របស់​ពួកគេ និង​ដើម្បី​​សម្រេច​លើ​កិច្ច​ព្រម​ព្រៀង​មួយ​សម្រាប់​គាំ​ទ្រ​ដល់​ប្រទេស​ ដទៃ​ទៀត​នៅ​ក្នុង​តំបន់​នេះ ដែល​ចង់​បាន​របប​ប្រជាធិបតេយ្យ។
ទោះ​ជា​យ៉ាងណា បាតុកម្ម​ប្រឆាំង​នឹង​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ដទៃ​ទៀត ជាពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​សម្បូរ​ប្រេង​ក្នុង​ឈូង​សមុទ្រ​ពែក ហាក់​មិន​បាន​ទទួល​ជំនួយ​ច្បាស់​លាស់​នោះ​ឡើយ។
លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ហ៊ីលឡារី គ្លីនតុន និង​លោក​រដ្ឋ​មន្ត្រី​​ហិរញ្ញវត្ថុ​អាមេរិក ធីមូទី ហ្គីស្ន័រ បាន​សរសេរ​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​ប្រទេស​ G8 កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា​៖ «យើង​​ចែក​រំលែក​ផល​ប្រយោជន៍​​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​ដំណាក់​កាល​ផ្លាស់​ ប្តូរ​នៅ​អេហ្ស៊ីប ហើយ​​ទុយនីស៊ី បាន​ទទួល​ជោគ​ជ័យ ហើយ​ក្លាយ​ទៅ​ជា​គំរូ​សម្រាប់​តំបន់។ ថ្វី​បើ​យ៉ាង​នេះ យើង​ប្រឈម​នឹង​ការ​បាត់​បង់​ឱកាស​នេះ​មួយ​រំពេច»។
វិវាទ​ស្ថាប័ន​ IMF
ក្រុម​មេដឹកនាំ​ G8 ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​រមណីយដ្ឋាន​កាស៊ីណូ អាច​ត្រូវ​​ទប់​ទល់​នឹង​ការ​កាន់​កាប់​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​ ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​នេះ​របស់​អឺរ៉ុប។ វិវាទ​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​​លោក ដូមីនីក ស្ត្រូស-កាន់ បាន​ចាក​ចេញ​ពី​តំណែង​ជា​ប្រមុខ​ IMF ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​រំលោភ​លើ​នារី​បម្រើ​សណ្ឋាគារ​ ម្នាក់​នៅ​បុរី​ញូវយ៉ក។
លោក​ស្រី​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បារាំង គ្រីស្ទីន ឡាហ្កាដ បាន​ប្រកាស​ថា លោ​កស្រី​នឹង​ឈរ​ឈ្មោះ​សម្រាប់​តំណែង​នេះ នៅ​ឯ​កិច្ច​​ប្រជុំ​កំពូល​ G8 បន្ទាប់​ពី​​ទទួល​បាន​ការ​គាំ​ទ្រ​ជា​ឯកច្ឆន្ទ​ពី​សហភាព​អឺរ៉ុប ហើយ​ក្រុម​អ្នក​ការទូត​និយាយ​ថា លោក​ស្រី​បាន​ទទួល​ការ​គាំ​ទ្រ​ពី​អាមេរិក និង​ចិន​ទៀត។
ប្រេសិត​រុស្ស៊ី​ប្រចាំ​ប្រទេស​បារាំង បាន​ប្រាប់​ Reuters ថា​៖ «ខ្ញុំ​គិត​ថា នៅ​ក្រៅ​កិច្ច​ប្រជុំ​ G8 ក្រុម​មេដឹកនាំ​ទាំង​នោះ​នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ ទោះ​បី​ជា​យ៉ាង​ណា​ លោក​ស្រី ឡាហ្កាដ ​នឹង​​អាច​ក្លាយ​ជា​បេក្ខជន​ដ៏​ល្អ​បំផុត»។ លោក​បន្ថែម​ថា លោក​ជឿ​ជាក់​ថា ប្រទេស​របស់​លោក​នឹង​មិន​​ជំទាស់​នឹង​លោក​ស្រី​ឡើយ។
លោក​អគ្គរដ្ឋ​ទូត​រុស្ស៊ី អាឡិចសាន់ឌ័រ អូឡូវ បាន​បន្ថែម​ថា៖ «ប៉ុន្តែ បញ្ហា​គឺ​ថា តើ​អឺរ៉ុប​ខាង​លិច​គួរ​តែ​ដឹកនាំ​នាំ​ស្ថាប័ន​នេះ​រហូត​ ឬ​យ៉ាង​ណា ហើយ​ហេតុ​អ្វី​បាន​ជា​ប្រទេស​ដទៃ​ទៀត​មិន​អាច​ដឹកនាំ​បាន ជាពិសេស​ប្រទេស​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិច​ខាង​ត្បូង ដែល​គេ​ក៏​មាន​បេក្ខជន​ផ្ទាល់​របស់​គេ​ដែរ?»៕ ប្រែ​សម្រួល ឌិត ​សុខធី

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។