Social Icons

Friday, July 8, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

វៀតណាម​សួរ​ចម្លើយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​១​អង្គ

2011-07-08
អាជ្ញាធរ ​នគរបាល​វៀតណាម នៅ​ខេត្ត​ឃ្លាំង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បាន​នាំ​ខ្លួន​ព្រះចៅ​អធិការ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ នៅ​វត្ត​សេរីតាសេក ទៅ​សួរ​ចម្លើយ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ជុំវិញ​សកម្មភាព​ពាក់ព័ន្ធ​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក នៅ​សហរដ្ឋ​អាមេរិក​កន្លង​មក ប៉ុន្តែ​អាជ្ញាធរ​វៀតណាម បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​មាន​លក្ខខណ្ឌ​សុំ​ឲ្យ​ព្រះអង្គ​ជួយ​ធ្វើ​ជា​អ្នក​ស៊ើបការណ៍​សម្ងាត់​ឲ្យ ​អាជ្ញាធរ​នគរបាល​វៀតណាម។
នគរបាល​វៀតណាម កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១១ ថ្មីៗ​នេះ បាន​ឆែក​ស្វែង​រក​ឯកសារ​នានា​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែល​បាន​ប្រើប្រាស់​ទាក់ទង​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​ កន្លង​មក។ នគរបាល​វៀតណាម បាន​ប្រគល់​កុំព្យូទ័រ​នោះ​មក​វិញ ក្រោយ​ពី​សាកសួរ​ចម្លើយ និង​ដក​ហូត​យក​ឯកសារ​ទាំង​នោះ។
ព្រះ​ចៅ​អធិការ​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សេរី​តាសេក ព្រះ​នាម លីវ នី ព្រះជន្ម ២៧​ព្រះវស្សា នៅ​ឃុំ​តាសេក ស្រុក​ជ្រោយញ័រ ខេត្ត​ឃ្លាំង ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​បាន​មាន​ព្រះ​ថេរដីកា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា លក្ខខណ្ឌ​របស់​នគរបាល​វៀតណាម​នោះ ព្រះអង្គ​មិន​អនុវត្ត​តាម​ទេ ៖ «គេ​លួងលោម​ឲ្យ​អាត្មា​ជួយ​ស៊ើបការណ៍... ក៏​ដូច​ជា​អាត្មា​ផ្ទាល់​ជាមួយ​នឹង​លោក​បង មឿន ទៀត។ មាន​បញ្ហា​អ៊ីចឹង​ឲ្យ​ជួយ​សង្កេត​មើល ឲ្យ​ជួយ​ពិនិត្យ​មើល»
ព្រះអង្គ​បាន​មាន​ព្រះ​ថេរដីកា​ថា នគរបាល​វៀតណាម បាន​ប្រើ​វិធី​លួងលោម និង​ផ្ដល់​ប្រាក់​ជា​ច្រើន​លាន​ដុង ស្មើ​នឹង​ច្រើន​រយ​ដុល្លារ​អាមេរិក ព្រម​ទាំង​សម្ភារៈ​ផ្សេងៗ ដូចជា​ទូរស័ព្ទ​ជា​ដើម ដើម្បី​ទាក់ទាញ​ទឹក​ចិត្ត ប៉ុន្តែ​ព្រះអង្គ​មិន​យល់​ព្រម​ជាមួយ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​នគរបាល​វៀតណាម បាន​ទេ ជុំវិញ​ការ​អះអាង​នេះ។ ប៉ុន្តែ​ប្រភព​បាន​ឲ្យ​ដឹង​ថា នគរបាល​វៀតណាម បាន​សាកសួរ​ចម្លើយ​ព្រះចៅ​អធិការ លីវ នី ជា​ច្រើន​លើក​កន្លង​មក។
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត ព្រះនាម ថាច់ ធឿន គង់​នៅ​វត្ត​សេរី​តាសេក បាន​មាន​ព្រះ​ថេរដីកា​ថា នៅ​វត្ត​សេរី​តាសេក​នេះ មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​សរុប​ជាង ២០​អង្គ ៖ «បើ​អ៊ីចឹង​ អាត្មា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ព្រះចៅ​អធិការ​នេះ​យ៉ាង​ខ្លាំង ពីព្រោះ​ជា​ព្រះសង្ឃ​មួយ​រូប​ដែល​ស្លូតបូត​បំផុត​នៅ​ក្នុង​វត្ត»
ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម លោក យន្ត ថារូ បាន​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​នេះ​គឺ​វៀតណាម បាន​ប្រើប្រាស់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក ៖ «ឆ្នាំ​១៩៧៥ ថ្មីៗ ពេល​វៀតណាម​ឡើង​មក​ដល់​កាន់​អំណាច​ភ្លាម វៀតណាម​តែងតែ​ចោទ​ខ្មែរ​ក្រោម​ថា ជា​ខ្មែរ​សេរី យក​ព្រះសង្ឃ​ទាំង​អស់​ទៅ​ផ្សឹក ធ្វើ​ទារុណកម្ម»
លោក​បាន​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ប្រទេស​បារាំង លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (Francios Fillion) ជួយ​ផ្ដល់​ឯកសារ​ជុំវិញ​ការ​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម គ្រប់គ្រង នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ និង​បាន​សុំ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ជា​ម្ចាស់​ទឹក​ដី នៅ​គ្រា​ដែល​លោក​បាន​មក​បំពេញ​ទស្សនកិច្ច​កាល​ពី​ដើម​ខែ​កក្កដា ថ្មីៗ​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។